រដ្ឋមន្ត្រី​ឧស្សាហកម្មទាក់ទាញ​​វិនិយោគិន​កូរ៉េ​ឱ្យវិនិយោគ​ក្នុង​វិស័យ​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ឧស្សាហកម្មទាក់ទាញ​​វិនិយោគិន​កូរ៉េ​ឱ្យវិនិយោគ​ក្នុង​វិស័យ​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​​នៅ​កម្ពុជា

សមាគមបច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ (KOITA) បានដឹកនាំគណៈប្រតិភូធុរិកិច្ចកូរ៉េមួយក្រុម ដើម្បីស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា។ ក្នុងជំនួបជាមួយគណៈប្រតិភូ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញសមាជិករបស់សមាគមនេះ ឱ្យវិនិយោគលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍នៅកម្ពុជា។

ដោយសារសាធារណៈរដ្ឋកូរ៉េទទួលបានជោគជ័យក្នុងបរិវត្តិកម្មសេដ្ឋកិច្ច ឯកឧត្តមបានលើកឡើងថា កម្ពុជាចង់​ទទួល​បាន​អត្ថប្រយោជន៍ពីបច្ចេកវិទ្យាឧស្សាហកម្មរបស់កូរ៉េ ខណៈកម្ពុជាកំពុង​ធ្វើពិពិធកម្ម​ឧស្សាហកម្ម​របស់ខ្លួន និងកំពុងកសាងសមត្ថភាពវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីទាក់ទាញការ​វិនិយោគពីបរទេស។ ឯកឧត្តមបានគូសបញ្ជាក់អំពីភាពអំណោយផលជាច្រើនរបស់កម្ពុជា ដែលមាន​ប្រជាជនវ័យក្មេង អាចនិយាយភាសាអង់គ្លេសបាន និងមានការតាំងចិត្តខ្ពស់ចំពោះផលិត​ភាពការងារ។

ឯកឧត្តមបានលើជាឧទាហរណ៍អំពីក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Toyota និង Ford និងបាន​ទាក់​ទាញ​ឱ្យក្រុមហ៊ុនផលិតរថយន្តកូរ៉េចូលមកវិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ ក្រៅពីសាជីវកម្ម​ពហុ​ជាតិ ឯកឧត្តមលើកឡើងថា សហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េ ក៏​នឹងមានឱកាស​វិនិយោគ និងភាព​ជាដៃគូដ៏គួរឱ្យទាក់ទាញផងដែរសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមាន​ចង្កោមក្រុម​ហ៊ុន​បច្ចេក​វិទ្យាកូរ៉េ អាចជាគំនិតផ្តួចផ្តើមដ៏ល្អមួយ។ ឯកឧត្តមបានជម្រាបជូន​ពី​របៀបវារៈវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ ជាអាទិភាពរបស់រាជរដ្ឋាភិបាល​ ព្រមទាំងច្បាប់វិនិយោគថ្មី និងការលើកទឹក​ចិត្ត​នានា ដែលមានរួមទាំងការសហការបណ្តុះបណ្តាលបច្ចេកទេស ជាអត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកវិនិយោគ។

ឯកឧត្តម បានបញ្ជាក់ជូនគណៈប្រតិភូកូរ៉េថា៖ "នៅទីនេះ អ្នកមានរដ្ឋាភិបាលដែល​មាន​ឆន្ទៈខ្ពស់ក្នុង​ការ​គាំទ្រអ្នក និងមានស្ថាប័នរដ្ឋាភិបាល ដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល​នឹងរួមដំណើរដើម្បីភាពជោគជ័យរបស់អ្នក។"

កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគីមួយចំនួន ដើម្បីផ្តល់​អត្ថប្រយោជន៍ជាយុទ្ធសាស្រ្តដល់អ្នកវិនិយោគ និងឱ្យពួកគេចូលរួមជាផ្នែកមួយនៃសេដ្ឋកិច្ច​ដែលកំពុង​រីកលូត​លាស់​របស់កម្ពុជា។

សមាគម KOITA គឺជាស្ថាប័នឈានមុខរបស់ប្រទេសកូរ៉េ ដែលគាំទ្រវិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍​សាជីវ​កម្ម។ សមាគមនេះអះអាងថាមានក្រុមហ៊ុនជាសមាជិកប្រហែល ១០.០០០ ក្រុមហ៊ុន រួមទាំងក្រុមហ៊ុន​បច្ចេក​វិទ្យាធំៗ ដូចជា SAMSUNG ផងដែរ។